Powered by Blogger.

Sunday, June 26, 2016

លោក ហ៊ុន សែន ចង់ឲ្យលោក កឹម សុខា យកគំរូតាម

មេដឹកនាំបក្សកាន់អំណាចបានរិះគន់ដោយប្រយោលជាថ្មីទៀតទៅលើមេដឹកនាំបក្សប្រឆំាងដែលមិនចូលខ្លួនទៅតាមការកោះហៅរបស់តុលាការ បើទោះជាបក្សប្រឆំាងសំអាងថាមានអភ័យឯកសិទ្ធិសភា។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះដោយរិះគន់ប្រយោលជាថ្មីទៀតទំនងជាសំដៅ
ទៅលោក កឹម សុខា ករណីមិនចូលខ្លួនទៅតុលាការម្តងជាពីរដងនោះ។
លោក ហ៊ុន សែន អះអាងថាករណីនាយករដ្ឋមន្ត្រីប្រព្រឹត្តខុស អភ័យឯកសិទ្ធិសភា អង្គរក្សការពារ និងប្រជាពលរដ្ឋរាប់លាននាក់ផ្តិតមេដៃឬញត្តិឬហែក្បួនបាតុកម្ម ក៏មិនអាចការពារកំហុសប្រឆំាងនិងច្បាប់បាននោះទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំនឹងត្រូវទទួលពិន័យឬទោសទណ្ឌផ្សេងទៀត ប្រសិនខ្ញុំប្រព្រិត្តកំហុសដដែលឬធ្វើអំពើខុសច្បាប់ណាផ្សេងទៀត។ អភ័យឯកសិទ្ធិសភាឬអង្គរក្សការពារមិនអាចជួយការពារកំហុសរបស់ខ្ញុំបានទេ ហើយកាន់តែមិនអាចទៅយកអ្នកគាំទ្រខ្ញុំរាប់លាននាក់មកជួយការពារខ្ញុំប្រឆាំងនិងការអនុវត្តច្បាប់ដោយកម្លាំងមានសមត្ថកិច្ចបានដែរ”។
លោក ហ៊ុន សែន លើកឡើងបែបនេះបន្ទាប់ពីលោកជិះម៉ូតូយកលុយបង់ការផាកពិន័យឲ្យសមត្ថកិច្ចនៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ ក្រោយពីលោកបានប្រព្រឹត្តបទល្មើសចរាចរណ៍កាលពីថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៦ នៅស្រុកស្រែអំបិលខេត្តកោះកុង ករណីជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។
នាយករដ្ឋមន្ត្រីបញ្ជាក់ថា បើសមត្ថកិច្ចអនុវត្តច្បាប់លើបុគ្គលដែលប្រព្រឹត្តខុស លោកថាកុំឲ្យបុគ្គលនោះថាជារឿងនយោបាយ ហើយកុំពឹងបរទេសជួយអន្តរាគមន៍។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកគំាទ្រនឹងការទទួលខុសត្រូវរបស់លោក ហ៊ុន សែន បង់លុយឲ្យសមត្ថកិច្ច ករណីបទល្មើសចរាចរណ៍។ ប៉ុន្តែលោកថា នាយករដ្ឋមន្រ្តីគួរតែអនុវត្តច្បាប់ឲ្យស្មើភាពលើសំណុំរឿងផ្សេងទៀត ដូចករណីវាយនិងការចាប់តំណាងរាស្ត្របក្សប្រឆំាងទំាងមានអភ័យឯកសិទ្ធិសភាដាក់ពន្ធនាគារ រួមទំាងការចោទប្រកាន់លោក កឹម សុខា ដោយអយុត្តិធម៌។
លោកបន្តថា៖ ការអនុវត្តច្បាប់អត់ស្មើភាពគ្នាដូចករណីលោក អ៊ុំ សំអាន លោក ហុង សុខហួរ គាត់មិនបានប្រព្រឹត្តល្មើសឯណា គាត់គ្រាន់តែជាអ្នកបានបញ្ចេញមតិយោបល់ហើយតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាមានសេរីភាពក្នុងការបញ្ចេញមតិយោបល់ដូចករណីលោក កឹម សុខា ជាដើមទៅយកសំឡេងគេមកលាតត្រដាង វាខុសច្បាប់ លោកឯងរំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញឲ្យតុលាការកោះហៅគេ ហើយដល់គេមិនទៅ ចោទថាគេបទល្មើសជាក់ស្តែង។ គាត់តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា បើយើងចង់អនុវត្តតាមយន្តការតុលាការ ទាល់តែលើកអភ័យឯកសិទ្ធិឬក៏ព្យួរសិន”។
សាស្ត្រាចារ្យនយោបាយ លោក ឯម សុវណ្ណារ៉ា គំាទ្រនឹងលោកនាយករដ្ឋមន្រ្តីដែលយកលុយទៅបង់ការផាកពិន័យឲ្យសមត្ថកិច្ច។ ប៉ុន្តែលោកថារដ្ឋាភិបាលត្រូវអនុវត្តច្បាប់ឲ្យស្មើភាពគ្នានឹងស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីកុំឲ្យមានចលាចលក្នុងសង្គមនៅថ្ងៃខាងមុខ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីចំនួន៣លើកលើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិសភា។ ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់បង្ហើបថា បើលោក កឹម សុខា ព្រមចូលបំភ្លឺនឹងមិនមានការចាប់ខ្លួនទេ៕
ប្រភពរូបភាព៖ https://i.ytimg.com/vi/d1_pvykIzzs/hqdefault.jpg
ប្រភពពី៖ http://vodhotnews.com/2016/06/hun-sen-wants-kem-sokha-to-follow-him/

No comments:

Post a Comment